ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលវឌ្ឍនភាព និងការងារត្រូវអនុវត្តបន្ត សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
គោលបំណងនៃការប្រជុំ ផ្តោតទៅលើការធ្វើបច្ចុប្បន្នភាពអំពីដំណើរការឆ្ពោះទៅការចាប់ផ្តើមអនុវត្តផែនការសកម្មភាព និងការរៀបចំត្រៀមលក្ខណៈសម្របសម្រួលប្រព័ន្ធគ្រប់គ្រងដំណើរការ នីតិវិធី និងឯកសារចំបាច់។
លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសសើរចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកន្លងមក រួមទាំងការសហការពីដៃគូរដ្ឋាភិបាលសហរដ្ឋអាមេរិច។ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារគម្រោងរបស់ក្រសួងសុខាភិបាលទាំងអស់ បន្តរៀបចំផែនការលំអិតសម្រាប់ត្រៀមអនុវត្តន៍ការងារនាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ តំណាងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (US-CDC)។