ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ សៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តាមរបាយការណ៍ គ.ស.ច.គ ក្នុងឱកាសផ្អាកការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានកំណើន ២១៣លើក ស្មើ ២០% (១ ២៧៩លើក លើ ១០៦៦លើក) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ ស្មើ១១% (៧៧៣នាក់ លើ ៦៩៤នាក់) និងចំនួនអ្នករបួសមានកំណើន ៤៦៨ នាក់ ស្មើ៣២% (១ ៩៤៤ នាក់ លើ ១ ៤៧៦នាក់)។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងដោយមូលហេតុ ការបើកបរក្នុងល្បឿនលឿន៤៦% ការមិនគោរពសិទ្ធិអាទិភាព ២២% ការមិនប្រកាន់ស្តាំ១២% ការវ៉ាជែង ៧% ការបត់មិនប្រយ័ត្នចំនួន៦% ការបើកបរក្នុងស្ថានភាពស្រវឹង៤% ការមិនគោរពសញ្ញ ចរាចរណ៍២% និងកត្តាយាន១%។