ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦
ខេត្តកំពត៖ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូសមាជិកសភា ចំនួន១៦ប្រទេស ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច (ស្រុកអង្គរជ័យ) និងមន្ទីពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល (ក្រុងបូកគោ) ខេត្តកំពត ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងពីការបម្រេីសេវាថែទាំសុខភាពនៅសហគមន៍ក្នុងប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចនេះដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងមានការចូលរួមរបស់
ថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាជាច្រើនរូប ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការបម្រើសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាល ក្នុងខេត្តកំពតពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ តាមរយៈនេះ គណៈប្រតិភូសភាទាំងអស់ បានសិក្សាស្វែងយល់ស៊ីជម្រៅ ពីការបម្រេីសេវាថែទាំសុខភាពបឋមនៅសហគមន៍ ប្រកបដោយគុណភាព និងនៅជិតប្រជាពលរដ្ឋ។ លេីសពីនេះទៀត គណ:ប្រតិភូបានស្វែងយល់ពីសារ:សំខាន់ នៃការចូលរួមរបស់វិស័យសុខាភិបាលឯកជន ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ដេីម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។