ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបិទវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ប្រកបដោយជោគជ័យ ដោយអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង។
ពិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិធីវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ រយៈពេល ៣ថ្ងៃ ដែលសភាកម្ពុជាសហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះនៅវិមានរដ្ឋសភា ជាមួយនឹងការឯកភាពជាឯកច្ឆន្ទអនុម័តនូវ «សេចក្តីប្រកាសទីក្រុងភ្នំពេញ»។ សេចក្តីប្រកាសនេះ មានគោលដៅប្រែក្លាយកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនទាននានាឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
នៅក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គវេទិកាបានពិភាក្សា និងពិនិត្យស៊ីជម្រៅលើប្រធានបទគន្លឹះសំខាន់ៗជាច្រើន រួមមាន ការសិក្សា និងវាយតម្លៃលើសម្ពាធ ព្រមទាំងហានិភ័យដែលកើតចេញពីការប្រែប្រួលអាកាសធាតុមកលើប្រព័ន្ធសុខាភិបាល និងការផ្តល់សេវាថែទាំសុខភាព ព្រមទាំងការពិចារណាហ្មត់ចត់លើ ការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយផ្អែកលើគោលការណ៍សុវត្ថិភាព ឯកជនភាព ក្រមសីលធម៌ សមភាព និងជំនឿទុកចិត្តពីសាធារណជន។
បន្ថែមលើកិច្ចពិភាក្សា គណៈប្រតិភូសភាអន្តរជាតិមកពី ១៦ ប្រទេស (រួមទាំងកម្ពុជា) ក៏បានអញ្ជើញចុះទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច និងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃីល ក្នុងខេត្តកំពត ដើម្បីភ្ជាប់កិច្ចពិភាក្សាទៅនឹងទិដ្ឋភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាលនៅថ្នាក់មូលដ្ឋាន។ លទ្ធផលទស្សនកិច្ចបានឆ្លុះបញ្ចាំងថា ការគ្របដណ្តប់សុខភាពជាសកល ត្រូវតែអនុវត្តជាក់ស្តែងនៅតាមមណ្ឌលសុខភាព និងសហគមន៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកជំងឺប្រកបដោយក្តីមេត្តាធម៌ គ្មានការរើសអើង និងគ្មានឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។