Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្ទៀងផ្ទាត់របកគំហើញ អនុសាសន៍ និងផែនទីបង្ហាញផ្លូវអភិវឌ្ឍសមត្ថភាព សម្រាប់ពង្រឹងសេវាជំងឺមិនឆ្លង (NCDs) ក្នុងការថែទាំសុខភាពបឋម (PHC) នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦

ខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្ទៀងផ្ទាត់របកគំហើញ អនុសាសន៍ និងផែនទីបង្ហាញផ្លូវអភិវឌ្ឍសមត្ថភាព សម្រាប់ពង្រឹងសេវាជំងឺមិនឆ្លង (NCDs) ក្នុងការថែទាំសុខភាពបឋម (PHC) នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ សិក្ខាសាលានេះត្រូវបានរៀបចំក្រោមការគាំទ្រ របស់មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន (ASEAN-China Cooperation Fund)។

សិក្ខាសាលានេះផ្តោតលើការផ្ទៀងផ្ទាត់ លទ្ធផលវាយតម្លៃស្ថានភាពសេវា NCD កំណត់គម្លាតនៃការអនុវត្ត និងអាទិភាពសម្រាប់ពង្រឹងសមត្ថភាពនៅកម្រិតថែទាំសុខភាពបឋម។ ការពិភាក្សាបានសង្កត់ធ្ងន់លើការប្រែក្លាយ គោលនយោបាយ និងគោលការណ៍ណែនាំដែលមានស្រាប់ ទៅជាការអនុវត្តជាក់ស្តែងប្រកបដោយគុណភាព។

ភាគីកម្ពុជាបានចែករំលែកវឌ្ឍនភាព បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការផ្តល់សេវា NCD។ ការវាយតម្លៃបង្ហាញថា កម្ពុជាមានមូលដ្ឋានគោលនយោបាយ ផែនការយុទ្ធសាស្ត្ររឹងមាំ និងមានវឌ្ឍនភាពល្អក្នុងការពិនិត្យស្វែងរកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ខណៈការព្យាបាល និងថែទាំអ្នកជំងឺរយៈពេលវែង នៅកម្រិតមណ្ឌលសុខភាព ត្រូវការពង្រឹងបន្ថែម។

សិក្ខាសាលានេះបានផ្តល់ឱកាសដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងការចែករំលែកបទពិសោធន៍ និងរួមគ្នាកំណត់ទិសដៅជាក់ស្តែង ដើម្បីបន្តពង្រឹងសេវាជំងឺមិនឆ្លងនៅកម្រិតថែទាំសុខភាពបឋម ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសតំបន់ (CLMV)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image