ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
ក្នុងពេឡការចុះពិនិត្យ ក៏បានកិច្ចប្រជុំពិភាក្សា ដោយផ្តោតសំខាន់លើការងារអាទិភាពមួយចំនួន រួមមាន៖
១.ការពង្រឹងវិធានការគ្រប់គ្រង និងបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
២.ការរៀបចំ និងបែងចែកអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ជាពិសេសជំងឺគ្រុនឈាមដែលកំពុងមានការកើនឡើង) ឱ្យបានសមស្រប តាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព
៣.ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ឱ្យបាន ទាន់ពេលវេលា
៤.ការកើនឡើងនូវកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីបង្កើនការ ផ្សព្វផ្សាយ និងអប់រំសុខភាពស្តីពី វិធីសាស្ត្របង្ការជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ ដល់មន្រ្តី បុគ្គលិកមន្ទីរពេទ្យបង្អែកទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់របស់ខ្លួនបានយ៉ាងល្អប្រសើរ។
ការចុះពិនិត្យ និងតាមដានវឌ្ឍនភាពខាងលើនេះ មានការចូលរួមអមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានកម្មវិធីជម្ងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យបង្អែកពោចិនតុង និងមន្ត្រីសុខាភិបាលពាក់ព័ន្ធជាច្រើនរូបទៀត ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។