Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការពិនិត្យមើលវឌ្ឍនភាពការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) និងសកម្មភាពដែលត្រូវអនុវត្តបន្ត។

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារ MPDSR និងសកម្មភាពដែលត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ថ្នាក់ជាតិ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារ MPDSR កន្លងមក ការពិនិត្យលើបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានរកឃើញ ព្រមទាំងកំណត់សកម្មភាពអាទិភាព ដែលត្រូវបន្តអនុវត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។

តាមលទ្ធផល និងបញ្ហាប្រឈមដែលបានរកឃើញកន្លងមកតាមរយៈបទបង្ហាញរបស់អ្នកជំនាញ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖ ១)ពង្រឹងការយកចិត្តទុកដាក់ និងការអនុវត្តការងារ MPDSR ជាកិច្ចការអាទិភាព និងជាគន្លឹះរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយមរណភាពមាតា និងទារកជុំវិញកំណើត។ ២)ពាក់ព័ន្ធនឹងការដាក់កូដពណ៌ផ្ទៃពោះហានិភ័យ (ANC Color Coding) មន្ទីរពេទ្យដែលមានកម្រិតសេវា CPA2/CPA3 ត្រូវរៀបចំទីកន្លែងទទួល និងគ្រប់គ្រងស្ត្រីមានហានិភ័យឱ្យបានសមស្រប ដើម្បីធានាការផ្តល់សេវា និងការបញ្ជូនបន្តបានទាន់ពេលវេលា។ ៣)ពង្រឹងការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព ដល់ថ្នាក់ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងសហគមន៍ ពាក់ព័ន្ធនឹងការកំណត់ហានិភ័យ ការថែទាំ ការបញ្ជូន និងការឆ្លើយតបចំពោះបញ្ហាមាតា និងទារកជុំវិញកំណើត។ ៤)ពង្រឹងប្រព័ន្ធរាយការណ៍ និងការផ្តល់ព័ត៌មាន ឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពជាប់លាប់ ដើម្បីគាំទ្រដល់ការវិភាគទិន្នន័យ ការកំណត់បញ្ហា និងការរៀបចំសកម្មភាពឆ្លើយតប ប្រកបដោយប្រសិទ្ធភាព។ ៥)សូមឱ្យគណៈកម្មការ MPDSR មន្ទីរពេទ្យជាតិតាមដាននូវវឌ្ឍនភាពនៃផែនការឆ្លើយតបក្នុងការកែលម្អគុណភាពសេវានៅក្នុងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពរបស់ខ្លួននិងផ្ញើរបាយការណ៍វឌ្ឍនភាពនេះ មកគណៈកម្មការ MPDSR ថ្នាក់ជាតិ ជាមួយគ្នានេះផងដែរ ការអនុវត្តការដាក់កូដពណ៌ និង ការបង្កើតក្រុមការងារឆ្លើយតបករណីធ្លាក់ឈាមក្រោយសម្រាល (PPH team) នៅមន្ទីរពេទ្យថ្នាក់ខេត្តក៏ត្រូវមានរបាយការណ៍វឌ្ឍនភាពផងដែរ។ ៦)បន្ត និងពង្រឹងការងារសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត (EmONC) តាមរយៈការបញ្ចូលទិន្នន័យគ្រប់គ្រងទិន្នន័យ និងប្រើប្រាស់ទិន្នន័យបានត្រឹមត្រូវដើម្បីធានាឱ្យមានភាពគ្រប់គ្រាន់ និងជាប្រចាំនូវធនធានមនុស្ស ឱសថ សម្ភារពេទ្យ សម្រាប់ការសង្គ្រោះ។

កិច្ចប្រជុំនេះត្រូវបានរៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាសមាជិកគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ថ្នាក់មន្ទីរពេទ្យជាតិទាំង៨ តំណាងអង្គការដៃគូសុខាភិបាល រួមមាន UNFPA, WHO, JICA និង UNICEF សរុបអ្នកចូលរួម ២៣រូប និង តំណាងអង្គការ KOFIH និងTechnical advisor ,UNFPA APRO។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image