ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គិលានុបដ្ឋាក និងឆ្មប នៅមណ្ឌលសុខភាព ស្តីពីសេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ការពង្រឹងសមត្ថភាពបុគ្គលិក មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងអនុវត្តនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំនុចមួយចំនួនដូចខាងក្រោម៖
១)បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ត្រូវពិនិត្យមើលខ្លួនឯងនូវចំណុចខ្វះខាត កន្លងមក និងធ្វើផែនការកែលម្អ
២)រៀបចំឡើងវិញនូវវិន័យការងារ អនាម័យនៅក្នុងមណ្ឌល សំលៀកបំពាក់ឯកសណ្ឋានសមរម្យ និងឥរិយាបទឱ្យបានត្រឹមត្រូវ ពាក្យសំដីប្រកបដោយការគោរពចំពោះអ្នកជំងឺ
៣)ផ្តល់សេវាប្រកបដោយមេត្តាករុណា ជាពិសេសក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការងារជាក្រុម ហើយត្រូវអនុវត្តឱ្យបានលឿន និងមានសុវត្ថិភាព
៤)ក្រុមការងាររថយន្តគិលានសង្គ្រោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ មានឯកសណ្ឋានសមរម្យ មានសម្ភារបរិក្ខាគ្រប់គ្រាន់ក្នុងការសង្គ្រោះ ត្រូវនៅជាប់ជាមួយអ្នកជំងឺកំឡុងពេលបញ្ជូនជំងឺ ជូនដំណឹងដល់មន្ទីរពេទ្យដែលទទួល ឱ្យបានមុនដើម្បីក្រុមការងាររៀបចំសម្ភារ ឱសថ និងក្រុមជំនាញរង់ចាំទទួល
៥)ត្រូវខិតខំដុសខាត់ខ្លួនជាប្រចាំតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ក្តី តាមប្រព័ន្ធនិម្មិតក្តី ដើម្បីបង្កើនសមត្ថភាព ព្រោះវិជ្ជាជីវៈសុខាភិបាលត្រូវការបណ្តុះបណ្តាលបន្តជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន២ថ្ងៃ និងការអនុវត្តលើម៉ានីកាំងរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ១០៣រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព។