ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ក្រោមកម្មវិធី "Czech Government Scholarship" សិក្សានៅសាធារណរដ្ឋឆែក ឆ្នាំសិក្សា២០២៦-២០២៧ ចំនួនសរុប ១៨រូប នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងនូវការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានលើកឡើងបង្ហាញនូវការរីកចម្រើនរបស់វិស័យសុខាភិបាលនាពេលបច្ចុប្បន្ន ក្នុងគោលដៅបម្រើសេវាសុខភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ ដោយការពង្រឹងប្រព័ន្ធសុខាភិបាល ឱ្យមានភាពធន់ ការពង្រឹងនូវការដឹកនាំ និងគ្រប់គ្រងមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ ការពង្រឹងគុណភាពបណ្តុះបណ្តាលមន្ត្រីសុខាភិបាលមុនពេល និងកំពុងបម្រើការងារ និងនិយ័តកម្ម ពិសេសការយកចិត្តទុកដាក់ក្នុងការពង្រឹងកែលម្អនូវអាកប្បកិរិយា និងក្រមសីលធម៌វិជ្ជាជីវៈ។ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យចេះ ហើយចេះឱ្យប្រាកដ ចេះឱ្យច្បាស់លាស់ ឱ្យស្ទាត់ជំនាញ។ ក្មួយៗទៅសិក្សា ក្មួយក៏ជាទូតសុច្ឆន្ទៈមួយរូប ត្រូវប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ គោរពវិន័យ រក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសជាតិ រក្សាទំនាក់ទំនងល្អរវាងគ្នានិងគ្នា ជាមួយស្ថានទូត ជាមួយគ្រូ និងប្រទេសផ្សេងៗ។
សូមឱ្យនិស្សិតម្នាក់ៗក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងត្រឡប់មកចូលរួម កសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនរុងរឿង និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសុខាភិបាល អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។