Cambodia
ព័ត៌មានលំអិត

Image
ការចុះតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពចំនួន២០ ក្នុងខេត្តកំពង់ចាម ជុំទី៣ ឆ្នាំ២០២៦។

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យស្រុកប្រត្តិបត្តិ​មន្រ្តីសុខាភិបាល ក្នុងខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ២០ ស្ថិតក្នុងស្រុកប្រតិបត្តិចំនួន៧ រួមមាន ស្រុកប្រតិបត្តិ បាធាយ​ ជើងព្រៃ ព្រៃឈរ ស្រីសន្ធរ និងកំពង់ចាម​កំពង់សៀម ស្ទឹងត្រង់ និងកោះសូទិន។

បេសកកម្មនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលបានដាក់ចេញកន្លងមក វាយតម្លៃគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា ព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនៅតាមមណ្ឌលសុខភាព ដើម្បីដាក់ចេញវិធានការកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា។ គោលដៅសំខាន់គឺធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពដែលមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ គណនេយ្យភាព និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១.ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានទូទៅរបស់មណ្ឌលសុខភាព។
២.ការគ្រប់គ្រង និងការប្រើប្រាស់សម្ភារៈបរិក្ខារពេទ្យ។
៣.ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងសម្ភារៈបរិក្ខារចាំបាច់។
៤.ស្ថានភាពធនធានមនុស្ស ការបែងចែកភារកិច្ច និងការបង្កើនសមត្ថភាពបុគ្គលិក។
៥.គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពបឋម។
៦.ឥរិយាបថ ការប្រាស្រ័យទាក់ទង និងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល។
៧.ការគ្រប់គ្រងទិន្នន័យ ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការតាមដានអ្នកជំងឺបន្ត។
៨.ការពង្រឹងអភិបាលកិច្ច ការចូលរួមរបស់សហគមន៍ និងនិរន្តរភាពនៃការផ្តល់សេវានៅមូលដ្ឋាន។
 
ជាលទ្ធផលនៃការចុះពិនិត្យ ក្រុមការងារបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តកំពង់ចាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដោយសារការខិតខំប្រឹងប្រែងផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងគោរពសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ។

សមិទ្ធផលទាំងនេះកើតចេញពីការដឹកនាំ ការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព បុគ្គលិកសុខាភិបាល និងសហគមន៍។

តាមរយៈវឌ្ឍនភាពនេះ ខេត្តកំពង់ចាមបានបង្ហាញនូវសក្តានុពលក្នុងការក្លាយជាខេត្តគំរូមួយ សម្រាប់ការអនុវត្ត និងការពង្រឹងការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន។ ក្រុមការងារបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរក្សាសមិទ្ធផលដែលសម្រេចបាន កែសម្រួលចំណុចខ្វះខាត និងពង្រឹងយន្តការតាមដានជាប្រចាំ ដើម្បីធានាឱ្យការផ្តល់សេវាថែទាំសុខភាពបឋមមានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព ឆ្លើយតបតាមតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។

មណ្ឌលសុខភាពទាំង ២០ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាពជើងព្រៃ
២.មណ្ឌលសុខភាពមេព្រីង
៣.មណ្ឌលសុខភាពព្រៃឈរ
៤.មណ្ឌលសុខភាពជ្រៃវៀន
៥.មណ្ឌលសុខភាពបារាយណ៍
៦.មណ្ឌលសុខភាពថ្មពូន
៧.មណ្ឌលសុខភាពមៀន
៨.មណ្ឌលសុខភាពក្រូច
៩.មណ្ឌលសុខភាពមាឃ៣
១០.មណ្ឌលសុខភាពអូរម្លូ
១១.មណ្ឌលសុខភាពពាមកោះស្នា
១២.មណ្ឌលសុខភាពខ្ពបតាងួន
១៣.មណ្ឌលសុខភាពអូរស្វាយ
១៤.មណ្ឌលសុខភាពទ្រាន 
១៥.មណ្ឌលសុខភាពក្រឡា
១៦.មណ្ឌលសុខភាពកោះសូទិន
១៧.មណ្ឌលសុខភាពកោះមិត្ត
១៨.មណ្ឌលសុខភាពគគរ
១៩.មណ្ឌលសុខភាពកោះរការ និង
២០.មណ្ឌលសុខភាពព្រីងជ្រំ។

ក្រសួងសុខាភិបាលនឹងបន្តពង្រឹងការតាមដាន អភិបាលគាំទ្រ និងការកែលម្អគុណភាពសេវាសុខភាពបឋមនៅទូទាំងប្រទេស ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព សមធម៌ និងអាចទុកចិត្តបាន ស្របតាមគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image