ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦
ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ វេលោម៉ោង១៩:១០នាទីយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញជូនដំណើរនិវត្តន៍ ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យូកាឡា (Dr. Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៧ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦) នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងអញ្ជើញចុះពិនិត្យស្វែងយល់ពីសុខាភិបាលនៅខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញទំហឹងក្នុងភាពជាដៃគូរវាងកម្ពុជា និងអង្គការសុខភាពពិភពលោក។ ឯកឧត្តមវេជ្ជបណ្ឌិតនាយកប្រចាំតំបន់ បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដល់គណៈប្រតិភូសភាមកពីប្រទេសទាំង១៥ និងអង្គការសុខភាពពិភពលោក ព្រមទាំងបានប្តេជ្ញាចិត្តថា អង្គការសុខភាពពិភពលោក នឹងនៅតែជាដៃគូសហប្រតិបត្តិការដ៏សំខាន់បំផុតមួយរបស់កម្ពុជា។