ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទី (Chargé d’Affaires, a.i.) នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍លោកស្រី Aleksandra Zittle និងសហការី ព្រមទាំងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសលើជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការពិនិត្យតាមដានជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពី អាទិភាពសុខាភិបាលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥–២០៣៤ ដោយផ្តោតលើការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ការពង្រឹងសន្តិសុខសុខភាពសកល ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការអភិវឌ្ឍធនធានមនុស្ស និងសុខភាពឌីជីថល។
ជំនួបបានផ្តោតលើវឌ្ឍនភាព និងជំហានបន្ទាប់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំង MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្នាំ២០២៦–២០៣០ និងកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក (NIH)។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើ Global Health Security, Laboratory Capacity, Disease Surveillance, Influenza, Research និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំបច្ចេកទេសជាប្រចាំ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រឧបករណ៍ និងគ្រឿងបរិក្ខារសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង ដែលនឹងត្រូវប្រគល់ជូន CENAT និងបានស្នើពិចារណារៀបចំ ពិធីប្រគល់–ទទួល នៅចុងខែកញ្ញា ឬសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ភាគីសហរដ្ឋអាមេរិក បានជម្រាបបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្ថែមផ្តល់ជូនក្រសួងសុខាភិបាល នូវឧបករណ៍ចាប់មូស ចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។
ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។