Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ នៃដំណើរការចាប់ផ្តើមកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង (HPV Self-Sampling)។

ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃចន្ទ ទី១០ ដល់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល ដឹកនាំក្រុមការងារ ចុះអភិបាលគាំទ្រ និងពិនិត្យដំណើរការនៃការរៀបចំចាប់ផ្តើមអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើតេស្ត HPV តាមរយៈការយកសំណាកដោយខ្លួនឯង (HPV Self-Sampling) លើស្ត្រីគោលដៅអាយុពី ៣០ ដល់ ៤៩ ឆ្នាំ នៅខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពីមន្ត្រីសុខាភិបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ការចុះអភិបាលនេះ មានគោលបំណងពង្រឹងគុណភាពនៃការអនុវត្តកម្មវិធីនៅថ្នាក់មូលដ្ឋាន តាមដានវឌ្ឍនភាព ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងជំរុញការផ្តល់សេវាពិនិត្យស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយអត្រាឈឺ និងមរណភាពដោយសារជំងឺមហារីកមាត់ស្បូន តាមរយៈការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។

ក្នុងឱកាសនេះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់នូវដំណើរការផ្តល់សេវា ការប្រឹក្សាសុខភាព ការយកសំណាកដោយខ្លួនឯង ការគ្រប់គ្រងសំណាក ការកត់ត្រាទិន្នន័យក្នុងប្រព័ន្ធ EMR និងការរៀបចំប្រព័ន្ធបញ្ជូនសំណាកប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាបច្ចេកទេស។

កម្មវិធីនេះបានអនុវត្តនៅភូមិចំនួន១៥ ដែលស្ថិតក្រោមតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាពសំបួរមាស បឹងកុក អំពិល ទ្រាន និងកោះរកា ក្នុងខេត្តកំពង់ចាម ដោយមន្ត្រីសុខាភិបាល នៃមណ្ឌលសុខភាព និងស្រុកប្រតិបត្តិ ដែលបានទទួលការបណ្តុះបណ្តាលជំនាញពីគ្រូបង្គោលថ្នាក់ជាតិ។

ក្នុងឱកាសនោះ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល បានថ្លែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងដៃគូអភិវឌ្ឍន៍ ដែលបានសហការអនុវត្តកម្មវិធីប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកស្រីបានណែនាំឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការផ្សព្វផ្សាយ និងណែនាំស្ត្រីគោលដៅឱ្យមកទទួលសេវាពិនិត្យស្រាវជ្រាវឱ្យបានកាន់តែច្រើន ព្រមទាំងផ្តល់ការតាមដាន និងបញ្ជូនស្រ្តីដែលមានហានីភ័យខ្ពស់ឱ្យទៅទទួលការព្យាបាលបានទាន់ពេលវេលា។

នៅក្នុងបេសកកម្មអភិបាលគាំទ្រនេះ មានការចូលរួមពី លោកសាស្ត្រាចារ្យ គាន់ អូន ប្រធានអនុក្រុមការងារបច្ចេកទេសព្យាបាលជំងឺមហារីកមាត់ស្បូន និងជាប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជ. អ៊ុយ គីណា ទីប្រឹក្សាបច្ចេកទេស នៅមណ្ឌលឯកទេសសម្ភព រោគស្ត្រី ទារក និងកុមារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងនាយកដ្ឋានសុខាភិបាលឌីជីថល តំណាងនាយកដ្ឋានការពារសុខភាព តំណាងមន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងធនាគារពិភពលោក និងតំណាងដៃគូអភិវឌ្ឍន៍នៃគម្រោង H-EQIP 2។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24

រូបភាព Gallery
1 / 1
Gallery image