Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៉ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកវេជ្ជបណ្ឌិតឯកទេស នូ ទិសុភាព អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារ បានចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ការចុះអភិបាលនេះ មានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺ នៅក្នុងមន្ទីពេទ្យទាំងមូល រួមនឹងការពិនិត្យពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក។

នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមប្រធាន និងក្រុមការងារ បានពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានចូលសាកសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន និងក្រុមការងារបានសង្កេតឃើញថា មន្ទីរពេទ្យបានរៀបចំកែលម្អជាបណ្ដើរៗ ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅមានចំនុចមួយចំនួនទៀតត្រូវធ្វើការកែលម្អ និងពង្រឹងនូវចំណុចមួយចំនួនដូចខាងក្រោម៖
១)ខិតខំបន្តពង្រឹងបន្ថែមបដិសណ្ឋារកិច្ច ត្រូវមានភាពរួសរាយរាក់ទាក់ និងប្រកបដោយស្នាមញញឹម
២)កែលម្អលំហូរអ្នកជំងឺ ពីច្រកចូលផ្នែកសង្គ្រោះបន្ទាន់ និងរបៀបរបបការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ ឱ្យបានត្រឹមត្រូវ និងរហ័សជាងមុន
៣)រៀបចំកែលម្អផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ
៤)សម្រាប់ការងារបច្ចេកទេស មន្ទីរពេទ្យមានការគ្រប់គ្រង និងផ្ដល់សេវាបច្ចេកទេស មានលក្ខណៈសមរម្យ ហើយក្រុមការងារបានលើកទឹកចិត្ត ឱ្យធ្វើការកែលម្អបន្ថែមទៀត នូវចំណុចមួយចំនួន ដើម្បីឱ្យការគ្រប់គ្រងបច្ចេកទេសកាន់រហ័ស និងមានប្រសិទ្ធភាព
៥)បន្តខិតខំការថែរក្សា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពការពារការចម្លងរោគ អនាម័យ បរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត រួមទាំងប្រធានផ្នែក ប្រធានសាល ត្រូវខិតខំចូលរួម ដោយផ្ដល់ធាតុចូលធ្វើការកែលម្អផ្នែកនីមួយៗ ដោយទទួលខុសត្រូវខ្ពស់ និងបង្កើនសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីធ្វើឱ្យមន្ទីរពេទ្យនេះមានភាពល្អប្រសើរថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការកំណត់នូវចំណុចដែលត្រូវធ្វើការកែលម្អជាបន្ទាន់ ចំណុចដែលត្រូវរៀបចំជាផែនការក្នុងរយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងធ្វើឱ្យមន្ទីរពេទ្យខេត្តបាត់ដំបង មានសក្ដានុពលកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវា និងទទួលបានការគាំទ្រ ពេញចិត្តពីប្រជាពលរដ្ឋ ទាំងក្នុងតំបន់គ្របដណ្ដប់ និងតំបន់ជុំវិញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image