Cambodia
ព័ត៌មានលំអិត

Image
ចំណេះជំនាញបទពិសោធន៍ និងសីលធម៌វិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព និងសក្កសិទ្ធភាពនៃសេវាមន្ទីរពេទ្យ
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចំពោះកិច្ច បានដឹកនាំក្រុមការងារចុះទៅមន្ទីរពេទ្យបង្អែកគិរីវង់ ក្នុងខេត្តតាកែវ។

គោលបំណងនៃការចុះនេះ គឺការធ្វើអភិបាលកិច្ច និងពង្រឹងសមត្ថភាពការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្ត្រីរាជការបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ ខេត្តតាកែវដែលស្ថិតនៅជិតនឹងព្រំដែនប្រទេសវៀតណាម។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានកត់សម្គាល់ឃើញថា នៅមន្ទីរពេទ្យបង្អែកគិរីវង់នេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវគោរពពេលវេលារបស់ខ្លួនបានល្អ និងបំពេញការងារ ២៤ម៉ោងលើ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់។

ទន្ទឹមនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្ត្រីនៅមន្ទីរពេទ្យបង្អែកគិរីវង់ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាលដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតីបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចចុះពិនិត្យនេះ ដោយមានការចូលរួមពី ឯកឧត្តម និងអស់លោកដែលជាសមាជិកក្រុមការងារចំពោះកិច្ចរបស់ក្រសួងសុខាភិបាល និងប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ប្រធាន អនុប្រធាន មន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកគិរីវង់ និងគណៈគ្រូពេទ្យខេត្តតាកែវផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19