Cambodia
ព័ត៌មានលំអិត

Image
ការជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សិក្សានៅសាធារណរដ្ឋបារាំង ឆ្នាំសិក្សា ២០២៦-២០២៧។

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង (Bourse France Excellence) សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre ឆ្នាំសិក្សា២០២៦-២០២៧ ចំនួនសរុប ១៣រូប នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ អបអរសាទរដល់ជ័យលាភីទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គឺជាយុទ្ធសាស្ត្រគន្លឹះចម្បងក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ត្រូវរៀនឱ្យចេះពិតប្រាកដ ចេះឱ្យច្បាស់លាស់ ឱ្យស្ទាត់ជំនាញ។ ក្នុងពេលចេញទៅសិក្សា ក្មួយៗក៏ជាទូតសុច្ឆន្ទមួយរូប ដែលត្រូវប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ គោរពវិន័យ រក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសជាតិ រក្សាសាមគ្គីភាពនិងទំនាក់ទំនងល្អរវាងគ្នា ជាមួយស្ថានទូត ជាមួយគ្រូ និងប្រទេសផ្សេងៗ។ ថែរក្សាសុខភាពទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។

ចុងបញ្ជប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យនិស្សិតម្នាក់ៗត្រូវខិតខំប្រែក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពិត និងត្រឡប់មកចូលរួមកសាងប្រទេសជាតិយើង ឱ្យបានរីកចម្រើនរុងរឿង និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គលេខាធិការរង អគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធាន និងអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image