ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា»។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងការថ្លែងមតិចំណាប់អារម្មណ៍នោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ នៃការយកបច្ចេកវិទ្យាផ្ទៀងផ្ទាត់ឯកសារជាតិ verify.gov.kh មកប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដូចជា ការលើកកម្ពស់សន្តិសុខឯកសារ និងលុបបំបាត់ការក្លែងបន្លំ, ភាពងាយស្រួល រហ័ស និងសន្សំសំចៃ និងលើកកម្ពស់ទំនុកចិត្តពីសាធារណជន។
ក្រសួងសុខាភិបាល នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញការធ្វើទំនើបកម្មរាល់សេវាសាធារណៈរបស់ខ្លួន ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងមានសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។