Cambodia
ព័ត៌មានលំអិត

Image
យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម៖ «សុខភាពប្រជាជន ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល!»

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦

ខេត្តព្រះសីហនុ៖ ពីថ្ងៃទី១៧ ដល់ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបានចុះគាំទ្រសម្រាប់ការឆ្លើយតបជំងឺគ្រុនឈាមដល់មូលដ្ឋានខេត្តព្រះសីហនុ។

អំឡុងពេលនៃបេសកកម្មរយៈពេលពីរថ្ងៃនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមបើកវគ្គបណ្តុះបណ្តាលគ្លីនិកស្តីពី «ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម» ជូនដល់បុគ្គលិកសុខាភិបាលសាធារណៈ និងឯកជន។ កម្មវិធីនេះបានប្រព្រឹត្តទៅតាម វិធីសាស្ត្រចម្រុះ រួមមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ដោយមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកសរុបប្រមាណ ៣០០ នាក់។

វគ្គនេះសម្របសម្រួលដោយគ្រូបង្គោលពីមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាថែទាំប្រកបដោយគុណភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ត ដោយបានពិនិត្យការរៀបចំគ្រែ សម្ភារៈ ឱសថ សេរ៉ូម និងឈាម ដើម្បីធានាការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ ក្រុមការងារបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែង រួមមានការដាក់ថ្នាំអាបែត ការបាញ់ថ្នាំសម្លាប់មូស និងការសម្អាតអនាម័យបរិស្ថាន ។

អំឡុងពេលបេសកកម្មនេះដែរ ឯកឧត្តម បានលើកយុទ្ធសាស្ត្រគន្លឹះ ៥ចំណុច ដើម្បីឆ្លើយតបនឹងជំងឺគ្រុនឈាម៖
ទី១៖ ប្រជាពលរដ្ឋត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជម្រកមូសខ្លា ខណៈអាជ្ញាធរត្រូវដឹកនាំយុទ្ធនាការដាក់ថ្នាំអាបែតដោយផ្ទាល់។
ទី២៖ ប្រសិនបើមានសមាជិកគ្រួសារក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត និងហាមដាច់ខាត ការទិញថ្នាំបញ្ចុះកម្តៅលេបដោយខ្លួនឯង។
ទី៣៖ គ្លីនិកឯកជនមិនត្រូវទុកអ្នកជំងឺធ្ងន់ធ្ងរ ឬហួសពីសមត្ថភាពឡើយ គឺត្រូវបញ្ជូនមកមន្ទីរពេទ្យរដ្ឋជាបន្ទាន់។
ទី៤៖ គ្រូពេទ្យត្រូវអនុវត្តការព្យាបាលឱ្យបានម៉ឺងម៉ាត់តាមគោលការណ៍ណែនាំគ្លីនិកជាតិ ។
ទី៥៖ ត្រូវចូលរួមរាយការណ៍ទិន្នន័យអ្នកជំងឺឱ្យបានលឿនតាមប្រព័ន្ធ ដើម្បីក្រុមការងារអាចអន្តរាគមន៍បានទាន់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image