Cambodia
ព័ត៌មានលំអិត

Image
សន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ៖ "រួមគ្នាដើម្បីលើកកម្ពស់សុខភាពបន្តពូជប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ"។

ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទប្រចាំឆ្នាំលើកទី២ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ៖ "រួមគ្នាដើម្បីលើកកម្ពស់សុខភាពបន្តពូជប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ"។

សន្និសីទលើកទី២នេះ មានគោលបំណងក្នុងការពង្រឹង និងបង្កើតចំណេះដឹងវិជ្ជាជីវៈបន្ថែម ជូនដល់គ្រូពេទ្យគ្រប់រូបឱ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការផ្តល់សេវាថែទាំព្យាបាលស្ត្រីលំបាកមានកូន ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពឱ្យបាននូវច្បាប់លិខិតបទដ្ឋានគតិយុត្ត។ សន្និសីទថ្ងៃនេះ បានដើរតួជាវេទិកាដ៏សំខាន់ សម្រាប់អ្នកឯកទេសទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងសមត្ថភាពវិជ្ជាជីវៈឱ្យទាន់តាមស្ថានភាពរីកចំរើន នៃវិទ្យាសាស្ត្រ។

មុននឹងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ជូនដល់អង្គសន្និសីទ មានដូចខាងក្រោម៖
១.បន្តរៀបចំនូវសន្និសីទប្រចាំឆ្នាំរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន យកចិត្តទុកដាក់ក្នុងការបណ្តុះ​បណ្តាលវិជ្ជាជីវៈបន្ត ឱ្យបានទូលំទូលាយ
២.រាល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសន្និសីទនានាពាក់ព័ន្ធ ត្រូវមានការផ្សព្វផ្សាយ ឱ្យប្រកាន់ខ្ជាប់នូវច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងក្រមសីលធម៌ក្នុងវិជ្ជាជីវៈជាប់ជាប្រចាំ ជាមួយនឹងការបំប៉នចំណេះដឹងដើម្បីពង្រឹងនូវសមត្ថភាពគ្រូពេទ្យជាប្រចាំ
៣.ការអនុវត្តវិជ្ជាជីវៈត្រូវអនុលោមឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ក្រសួងសុខាភិបាល និងច្បាប់លិខិតបទដ្ឋានគតិយុត្តនានា របស់ជាតិជានិច្ច ប្រកបដោយវិជ្ជាជីវៈ គុណធម៌ខ្ពស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ គ្រូពេទ្យ មន្ត្រីសុខាភិបាល និងបុគ្គលិកវេជ្ជសាស្រ្ត ដែលជាសមាជិក សមាជិកា របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួន ១៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image