ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យចូលរួមក្នុងការអនុវត្តគម្រោងនេះ។
ឯកឧត្តមសាស្ត្រាចារ្យ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP ទាំងពីរមន្ទីរពេទ្យ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងពិភាក្សាលើវឌ្ឍនភាពការងារយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលបានផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ក្នុងការអនុវត្តគម្រោង ដោយមានភាពបុរេសកម្ម និងស្របតាមផែនការដែលបានកំណត់។
ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS) គឺជា «ឆ្អឹងខ្នង» ដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការធានាគុណភាពនៃការព្យាបាល សុវត្ថិភាពអ្នកជំងឺ និងទប់ស្កាត់ការកើនឡើង នៃការស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានអំពាវនាវដល់មន្ទីរពេទ្យទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារបង្ការ និងគ្រប់គ្រងការចម្លងរោគ (IPC) និងការងារ AMS ដែលជាកិច្ចការស្នូលមិនអាចខ្វះបាន ព្រមទាំងជំរុញឱ្យមន្ទីរពេទ្យបង្កើនភាពម្ចាស់ការក្នុងការកំណត់ និងអនុវត្តនិយាម នៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីនាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) មន្ទីរពេទ្យកាល់ម៉ែត និងអង្គការខាណា (KHANA) ផងដែរ។