Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សារវាងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាមួយមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ ព្រមទាំងអគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមន៍ និងជួបប្រជុំជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណ:កម្មការទី៨ នៃរដ្ឋសភា។  

ក្នុងឱកាសនោះដែរ មន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមន៍គណៈប្រតិភូរបស់គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញទស្សនាផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យកាល់ម៉ែត រួមមាន÷

ផ្នែកជំងឺមហារីក និងជំងឺឈាម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺទូទៅ និងផ្នែកសម្រាកព្យាបាលជំងឺបេះដូង។

បន្ទាប់ពីការអញ្ជើញទស្សនាផ្នែកនានារបស់មន្ទីរពេទ្យរួចរាល់ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានគោរពជូន លោកជំទាវ ឡោក ខេង  ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃមន្ទីរពេទ្យលើការងារដឹកនាំ និងគ្រប់គ្រង ការងារធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរពេទ្យ សម្ភារៈ បរិក្ខារ និងឱសថ ក៏ដូចជាទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់មន្ទីរពេទ្យ។

ក្រោយពីបានស្តាប់របាយការណ៍របស់មន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង និងសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរពេទ្យនូវសេវាថែទាំ និងព្យាបាលជូនអ្នកជំងឺ ជាពិសេសការធ្វើនវានុវត្តន៍លើបច្ចេកទេសព្យាបាលថ្មីៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់បច្បុប្បន្នភាព បច្ចេកទេសវេជ្ជសាស្ត្ររបស់ពិភពលោក។ បន្ថែមនេះ សមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

លោកជំទាវប្រធាន និងសមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា បានលើកទឹកចិត្ដនិងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការបន្តបេសកកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសកលជូនប្រជាពលរដ្ឋកម្ពុជា។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19