ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦
រដ្ឋមន្រ្តីសុខាភិបាល៖ «ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ពេលកំពុងបម្រើការងារ (In-Service Training) របស់មន្រ្តីសុខាភិបាលជាចំណុចគន្លឹះ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ»
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកការងារបណ្តុះបណ្តាល និងនាយកដ្ឋានជំនាញ ដើម្បីជំរុញពង្រឹងគុណភាព សុវត្ថិភាព និងសមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ជាចំណុចសំខាន់ក្នុងការពង្រឹងគុណភាពនៃការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលពេលកំពុងបម្រើការងារ (In-Service Training) ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការបម្រើសេវាថែទាំព្យាបាលកាន់តែប្រសើរឡើង តាមរយៈការតាមដាន និងការវាយតម្លៃមុនពេលបណ្តុះបណ្តាល និងក្រោយបណ្តុះបណ្តាល, ចំនួនគ្រូបង្គោល និងមុខជំនាញត្រូវបណ្តុះបណ្តាល, ការរៀបចំវិញ្ញាបនបត្រទទួលស្គាល់នូវការបណ្តុះបណ្តាល, និងធ្វើការរៀបចំសូចនាករ វាយតម្លៃលទ្ធផលការងារ។