ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលជំនាញសវនកម្ម បច្ចេកវិទ្យាព័ត៌មាន ជូនមន្រ្តីនាយកដ្ឋានសវនកម្មផ្ទៃក្នុង មន្ត្រីសវនកម្មផ្ទៃក្នុងមន្ទីរពេទ្យថ្នាក់ជាតិ និងមជ្ឈមណ្ឌលជាតិ ក្រោមឱវាទក្រសួងសុខាភិបាល ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់លើគោលបំណងដូចខាងក្រោម៖
១.ផ្ដល់ចំណេះដឹងអំពីគោលការណ៍ និងស្តង់ដាសវនកម្មបច្ចេកវិទ្យាព័ត៌មាន។
២.បង្កើនសមត្ថភាពក្នុងការវាយតម្លៃប្រព័ន្ធព័ត៌មាន និងប្រព័ន្ធគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន។
៣.រៀនកំណត់ និងវាយតម្លៃហានិភ័យដែលពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
៤.ពង្រឹងការយល់ដឹងអំពីការគ្រប់គ្រងសន្តិសុខព័ត៌មាន និងការការពារទិន្នន័យ។
៥.អភិវឌ្ឍន៍ជំនាញក្នុងការធ្វើផែនការសវនកម្មបច្ចេកវិទ្យាព័ត៌មាន ការប្រមូលភស្តុតាង និងការវិភាគលទ្ធផលសវនកម្ម។
៦.ការសរសេររបាយការណ៍សវនកម្មលើបច្ចេកវិទ្យាព័ត៌មាន ។
វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមពីលោក តឹក សុភឿន អគ្គលេខាធិការរង ក្រសួងសុខាភិបាល ឯកឧត្តមឧសថការី ហោ ពន្លក អគ្គាធិការរង ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ីវ សុបុណ្ណ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសុខាភិបាល និងលោក ឈួន សុភា តំណាង នាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីនាយកដ្ឋានសវនកម្មផ្ទៃក្នុង មន្ត្រីសវនកម្មផ្ទៃក្នុងមន្ទីរពេទ្យថ្នាក់ជាតិ និងមជ្ឈមណ្ឌលជាតិ ក្រោមឱវាទក្រសួងសុខាភិបាល សរុបចំនួន ៤៨រូប។