ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦
ខេត្តឧត្តរមានជ័យ៖ ពីថ្ងៃទី១៨ ដល់ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះគាំទ្របច្ចេកទេស និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» ដោយសហការជាមួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដើម្បីឆ្លើយតបនឹងការកើនឡើង នៃជំងឺគ្រុនឈាមក្នុងខេត្តឧត្តរមានជ័យ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីបង្កើនសមត្ថភាពដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និងគិលានុបដ្ឋាក ទាំងផ្នែកសាធារណៈ និងឯកជន លើការធ្វើរោគវិនិច្ឆ័យដូចខាងក្រោម៖
-ផ្តល់ការការព្យាបាលឱ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព។
-ធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវច្បាស់លាស់។
-បញ្ជូនជំងឺប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ឯកឧត្តមបានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ការផ្តល់សេវាថែទាំ និងព្យាបាលជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និងមណ្ឌលសុខភាពបន្សាយរាក់ ហើយបានជួបប្រជុំជាមួយមន្ត្រីសុខាភិបាលដោយបានកំណត់ទិសដៅការងារគន្លឹះក្នុងការបង្ការ និងកម្ចាត់ជម្រកមូសខ្លា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំអនាម័យ បាញ់ថ្នាំ និងដាក់ថ្នាំអាបែតតាមខ្នងផ្ទះ។
ឯកឧត្តមបានណែនាំដល់មូលដ្ឋានសុខាភិបាល ត្រូវរៀបចំបែងចែកអ្នកជំងឺឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាព ស្របពេលករណីជំងឺមានការកើនឡើង និងពង្រឹងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ឋភាព។
ជាចុងក្រោយ ថ្នាក់ដឹកនាំបានពាំនាំការសួរសុខទុក្ខ និងការកោតសរសើរពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារ និងលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ការងារបង្កា ការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមបានយ៉ាងល្អប្រសើរ។