ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារផ្អែកលើសមិទ្ធិផល ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត ខេត្តសៀមរាប។
អង្គសិក្ខាសាលារយៈពេល ៣ថ្ងៃនេះ មានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងការអនុវត្តបន្ត នៃគម្រោង H-EQIP 2 ។ បច្ចុប្បន្នគម្រោងនេះ បានអនុវត្តមកដល់ឆ្នាំទីបួន ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានការកោតសរសើរពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីលទ្ធផលដែលសម្រេចបានជាច្រើនរួមមាន៖ ការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP) ការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងមហារីកមាត់ស្បូន ការពង្រីកសេវាពិនិត្យ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ការអនុវត្តសកម្មបញ្ជ្រាបយ៉េនឌ័រ និងបរិយាបទសង្គម ការកែលម្អគុណភាពសេវាសុខាភិបាល ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ការបញ្ចូលទិន្នន័យតាមប្រព័ន្ធកត់ត្រាទិន្នន័យវេជ្ជសាស្ត្រអេឡិចត្រូនិច (Full EMR) និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព។
ពិធីបិទសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសេវាសុខភាព នាយកដ្ឋានហរិញ្ញវត្ថុ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានសុខាភិបាលឌីជីថល នាយកដ្ឋានសវនកម្មផ្ទៃក្នុង អង្គភាពលទ្ធកម្ម និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ (World Bank, KFW, DFAT, KOICA, GFF, CHAI) មានចំនួនសរុបប្រមាណ ១២០ រូប។