Cambodia
ព័ត៌មានលំអិត

Image
ការជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សិក្សានៅសាធារណរដ្ឋកូរ៉េ ឆ្នាំសិក្សា ២០២៦-២០២៧។

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សរុបចំនួន ៤០រូប នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ អបអរសាទរចំពោះជ័យលាភីទាំងអស់ និងបានលើកឡើងថា មូលធនមនុស្សគឺជាអាទិភាព ជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលអាណត្តិមុនៗ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មានសារសំខាន់ណាស់ ចំពោះក្មួយៗ ជាជ័យលាភីអាហារូបករណ៍ ក្រេបយកចំណេះឱ្យអស់លទ្ធភាព ដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានសមត្ថភាពត្រឡប់មកវិញចូលរួមក្នុងការកសាងប្រទេសជាតិឱ្យរុងរឿង និងសម្រេចនូវចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃវិស័យសុខាភិបាល និងសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់មន្ត្រីគ្រប់កម្រិត ព្រមទាំងវឌ្ឍនភាពរីកចម្រើនគ្រប់វិស័យ នៃប្រទេសយើង ដែលបានមកពីសុខសន្តិភាព ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជ័យលាភីអាហារូបករណ៍ទាំងអស់ក៏ជាទូតសុច្ឆន្ទៈ ដើម្បីផ្សព្វផ្សាយអំពីអារ្យធម៌ វប្បធម៌របស់ប្រទេសកម្ពុជា ដែលមានយូរលង់ណាស់មកហើយ និងបង្ហាញពីសេចក្តីថ្លៃថ្នូរ ការគោរពវិន័យរបស់ប្រជាជនខ្មែរ ទៅលើឆាកអន្តរជាតិ។

ក្រោយការជួបសំណេះសំណាល តំណាងនិស្សិតជ័យលាភីទាំងអស់ បានប្តេជ្ញាខិតខំសិក្សារៀនសូត្រ ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងត្រឡប់មកវិញចូលរួមក្នុងការកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើន និងរុងរឿង។

សូមបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image