ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការព្យាបាល និងថែទាំជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន លើកទី២ ដល់មន្ត្រីសុខាភិបាលចំនួន ៦៨នាក់ មកពីមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី បានលើកទឹកចិត្តដល់សិក្ខាកាម ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការបម្រើសេវានៅតាមមូលដ្ឋានសុខាភិបាលរៀងៗខ្លួន ព្រមទាំងបន្តស្វ័យសិក្សា និងពង្រឹងសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំជា ២លើក ដោយលើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ និងលើកទី២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលជាកិច្ចសហការរវាង នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។