Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅខេត្តកំពត។

ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦

ខេត្តកំពត៖ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពត។
 
បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យពង្រឹងការអនុវត្តការជំរុញបង្កើនការងារថែទាសុខភាពបឋម និងពិភាក្សាជំរុញការចូលរួមរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងដំណោះស្រាយលើបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋាន នៅក្នុងភូមិសាស្ត្រខេត្តកំពត ពិសេសនៅស្រុកប្រតិបត្តិអង្គរជ័យ និងកំពត ដែលលោកជំទាវរដ្ឋលេខាធិការបានចុះទៅដល់ទីតាំងផ្ទាល់។
 
ក្នុងដំណើរចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានជួបសំណេះសំណាល ចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមរបស់ស្រុក និងមណ្ឌលសុខភាពដែលបានចុះទៅដល់ ចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ៗចាំបាច់ ដោយមានការចូលរួមដោយលោកជំទាវ មុយ វីរ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តកំពត (ទទួលបន្ទុកវិស័យសុខាភិបាល) ឯកឧត្ដម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត លោកស្រី វេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឱសថការី លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តកំពត ថ្នាក់ដឹកនាំនិងមន្ត្រីអញ្ជេីញមកពីមន្ទីរនានា នៃខេត្តកំពត ដែលជាសមាជិកក្រុមការងារ PHC-BIF ខេត្ត និងស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសមណ្ឌសុខភាពអង្គភ្នំតូច នៃស្រុកប្រតិបត្តិអង្គរជ័យ ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាតិលេខ១០ ក្នុងការផ្ដល់សេវាសាធារណគំរូ ឆ្នាំ២០២៥ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំជាច្រើនជុំវិញសកម្មភាពស្នូលទាំង៦ នៃ PHC-BIF ដែលជាចំណុចសំខាន់ដែលត្រូវស្វែងយល់បន្ថែម និងយកទៅអនុវត្ត ក្នុងនោះ មានការជំរុញការអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ការកែប្រែឥរិយាបថដេីម្បីមានសុខភាពល្អ និងជាកិច្ចការថែទាំសុខភាពបឋម ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។
 
សូមបញ្ជាក់ផងដែរថា ក្រុមការងារបេសកកម្ម បានចុះពិនិត្យ និងបានជួបថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន គណកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអតិថិជនដែលមកទទួលសេវា នៅតាមទីតាំងគោលដៅសំខាន់ៗ រួមមាន៖ មណ្ឌលសុខភាពអង្គភ្នំតូច សាលាស្រុកអង្គរជ័យ មណ្ឌលសុខភាពត្រពាំងសង្កែ សាលាស្រុកទឹកឈូ និងចូលរួមប្រជុំនៅសាលាខេត្តកំពត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image