ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបតំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម ដើម្បីពិគ្រោះយោបល់ពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់នៃការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច លើប្រព័ន្ធសុខាភិបាល និងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា “Assessment of Least Developed Country (LDC) Graduation Impacts on Health Systems and HIV Responses in Cambodia” ។
គោលបំណងនៃការសិក្សា គឺស្វែងយល់ពីកក្តាហានិភ័យ បញ្ហាប្រឈម និងឱកាសដែលអាចនឹងកើតមានចំពោះនិរន្តរភាពនៃប្រព័ន្ធសុខាភិបាល និងកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ នៅពេលកម្ពុជាឈានទៅរកការចាកចេញពីស្ថានភាព LDC ជាពិសេសការធានានិរន្តរភាពហិរញ្ញប្បទាន ការផ្គត់ផ្គង់ឱសថប្រឆាំងមេរោគអេដស៍ (ART) និងសម្ភារៈបរិក្ខារចាំបាច់ ក្នុងការធានាការបន្តផ្តល់សេវាបង្ការ ការថែទាំ និងព្យាបាល ការចូលរួមរបស់សហគមន៍ និងសង្គមស៊ីវិល ព្រមទាំងការរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
លោកជំទារដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃការរៀបចំថវិកា និងការរួមបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលជាតិ និងប្រព័ន្ធគាំពារសង្គម ក៏ជាផ្នែកមួយដែលត្រូវបន្តពង្រឹង ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់អ្នករស់នៅជាមួយមេរោគអេដស៍ និងធានាទទួលបានសេវាថែទាំ និងព្យាបាលដោយមិនមានការរំខាន។
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងបរិបទនេះ កម្ពុជាបានបង្ហាញពីឱកាសក្នុងការបង្កើនការប្រមូលធនធានក្នុងស្រុក តាមរយៈការបង្កើនការចំណាយសាធារណៈលើវិស័យសុខាភិបាល ការផ្តល់អាទិភាពដល់សេវាអេដស៍ដែលចាំបាច់ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការទិញឱសថ និងសម្ភារៈវេជ្ជសាស្ត្រ ព្រមទាំងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។