ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ កិច្ចប្រជុំស្តីពី វឌ្ឍន៍ភាពការងារថែទាំ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីរួមគ្នាពិនិត្យមើលឡើងវិញនូវផែនការ សកម្មភាពដែលបានដាក់ចេញក្នុងឆ្នាំ២០២៥ កន្លងមក វាយតម្លៃពីវឌ្ឍន៍ភាព និងសមិទ្ធផលការងារផ្នែកថែទាំដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ក៏ដូចជាការរួមគ្នាពិភាក្សារៀបចំផែនការបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។
លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណវិស័យសេវាថែទាំគិលានុបដ្ឋាក និងឆ្មបនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងគុណភាព សុវត្ថិភាពអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។ ភាពជាអ្នកដឹកនាំដ៏មុតស្រួច និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក លោកស្រី ប្រធានគណៈកម្មការថែទាំ ព្រមទាំងការចូលរួមយ៉ាងសកម្ម ពីសំណាក់បងប្អូនក្រុមការងារថែទាំទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យើងមានការរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះផងដែរ លោកជំទាវសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាម ត្រូវយកវេទិការមួយដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នាក្នុងការរួមគ្នាឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងចែករំលែកបទពិសោធន៍ល្អៗ រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យនៅតាមបណ្តាលខេត្ត ដើម្បីធានាថាការអនុវត្តការងារថែទាំទូទាំងប្រទេសមានភាពរលូន ស្តង់ដា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។ ជាពិសេស ការប្រើប្រាស់ភាពត្រឹមត្រូវការផ្តល់ឱសថទាំង៧ ការប្រើប្រាស់ SBAR ការពង្រឹងវប្បធម៌សុវត្ថិភាពអ្នកជំងឺ និងការប្រើប្រាស់ឯកសារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប។
វគ្គកិច្ចប្រជុំនេះអញ្ចើញចូលរួមពីការិយាល័យគិលានុបដ្ឋាក និងឆ្មប ប្រធានមន្ទីរពេទ្យ ប្រធាន អនុប្រធានថែទាំ នាយសាល នាយសាលរង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ៤១៥រូប។