ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋន្រ្តី បានជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការពិនិត្យ និងវាយតម្លៃឥរិយាបថការងាររបស់ខ្លួនឯង ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងដឹកនាំអង្គភាពឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកដល់អង្គភាព ត្រូវធ្វើការវាយតម្លៃជាប្រចាំ ក្នុងការពិនិត្យនូវវឌ្ឍនភាព និងកែលម្អនូវចំណុចខ្វះខាត ដើម្បីបន្តពង្រឹងអង្គភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់លើជំងឺឆ្លងនានា ជាពិសេសគឺជំងឺគ្រុនឈាម ដែលកំពុងផ្ទុះក្នុងរដូវវស្សានេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា គ្រប់មូលដ្ឋានសុខាភិបាល បន្តពង្រឹងការយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ថែមទៀត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺគ្រុនឈាម ដោយគ្រប់អង្គភាពត្រូវពិនិត្យ តាមដានជាប្រចាំនូវឧបករណ៍ សម្ភារៈ ដើម្បីធានាកុំឱ្យមានការខ្វះខាត។ បន្ថែមពីនេះ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកនូវបច្ចេកទេសព្យាបាលជាចាំបាច់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារមន្ទីរសុខាភិបាល បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធានាបាននូវការកាត់ផ្តាច់ភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញការអភិវឌ្ឍសួនរុក្ខជាតិឱសថគីរីរម្យ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដោយធ្វើផែនការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយទៅសួនរុក្ខជាតិបៃតង ចម្រុះពណ៌ មណ្ឌលរុក្ខជាតិឱសថបុរាណ និងស្រាវជ្រាវឱសថបុរាណ ដើម្បីជាអត្ថប្រយោជន៍ដល់សង្គមជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។