ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញចូលរួមដឹកនាំ «កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី៣០» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារអប់រំសុខភាព កំណត់ផែនការអប់រំសុខភាពបន្ទាប់ និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានបង្ហាញដោយមន្ត្រីបង្គោលនៃនាយកដ្ឋាន/អង្គភាពជំនាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៦នាក់ មកពី នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល អង្គការ17Triggers អង្គការCHAI អង្គការ អង្គការFHI360 និងអង្គការ PSI។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចតទៅ៖
១.ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាស្ដីពីសារអប់រំសុខភាពផ្លូវចិត្ត។
២.ការធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពស្បត់វីដេអូសារអប់រំសុខភាពស្ដីពី ដឹងលេខសុខភាពរបស់អ្នក។
៣.ការពិភាក្សា និងការចូលរួមផ្ដល់មតិ។
៤.តាមដានលទ្ធផលការងារដែលបានឯកភាពនៅកិច្ចប្រជុំលេីកទី២៩។