ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ ចំនួន ២៥នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន ៩៧នាក់។
កិច្ចប្រជុំនេះមានគោលបំណងក្នុងការតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃការងារកែលម្អគុណភាព សម្រាប់ការផ្តល់សេវាសុខាភិបាល ព្រមទាំងជួយគាំទ្រការពង្រឹងគុណភាព ដោយបង្កើតឱ្យមានក្រុមការងារគាំទ្រការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល របស់ការិយាល័យធានាគុណភាព នៃនាយកដ្ឋានសេវាសុខភាព ក្រសួងសុខាភិបាល។ ការចែករំលែកបទពិសោធន៍ ស្តីពីវឌ្ឍនភាព និងគន្លឹះនៃភាពជោគជ័យក្នុងកិច្ចការកែលម្អគុណភាព និងបញ្ហាប្រឈម ដើម្បីក្រុមការងារគាំទ្រស្តង់ដា ណែនាំ និងពង្រឹងបន្ថែម។ បន្ថែមពីនេះក៏បានតាមដាននូវវឌ្ឍនភាពស្តីពីការពេញចិត្តរបស់អតិថិជនក្នុងការផ្តល់សេវាសុខាភិបាលទូទាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូអភិវឌ្ឍន៍។