ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលនូវធាតុចូល និងមតិយោបល់ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យកែសម្រួលបញ្ចប់យុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា ឆ្នាំ២០២៦-២០៣០ ដែលរៀបចំឡើងមានរយៈពេលចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។
គោលបំណង នៃកិច្ចប្រជុំ ដើម្បីជម្រាបជូនអំពីលទ្ធផល នៃការប្រមូលធាតុចូល និងអនុសាសន៍ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបំពេញបន្ថែមឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ លើផែនការយុទ្ធសាស្ត្រជាតិសុខភាពតែមួយ ឆ្នាំ២០២៦-២០៣០។
បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានពិនិត្យនូវធាតុចូល និងគ្រប់ចំណុចសំខាន់ៗ ដែលទទួលបានពីក្រុមអ្នកបច្ចេកទេស អ្នកជំនាញជាតិ និងអន្តរជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) និងអង្គការ PATH ដើម្បីធ្វើឱ្យផែនការយុទ្ធសាស្ត្រនេះ មានការចូលរួមបានពេញលេញ និសមស្របតាមគោលនយោបាយជាតិសម្រាប់យកទៅអនុវត្ត ព្រមទាំងពិនិត្យលើផែនការថវិកាសម្រាប់ការគាំទ្ររយៈពេលខ្លី និងវែង ភាពបត់បែនសម្រាប់ការអនុវត្តតាមបរិបទរបស់ប្រទេសកម្ពុជា។
កិច្ចប្រជុំនេះនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកស្រី Amy Cawthorne តំណាងអង្គការសុខភាពពិភពលោក និងក្រុមការងារពាក់ព័ន្ធ។