ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងទទួលព័ត៌មានត្រលប់ពីសាធារណៈមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។
គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងទទួលព័ត៌មានត្រលប់ពីសាធារណៈមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការងារព័ត៌មានក្នុងសម័យឌីជីថល ត្រូវការការផ្លាស់ប្តូរទស្សនៈ និងរបៀបធ្វើការឱ្យស្របទៅនឹងតម្រូវការជាក់ស្តែង ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយព័ត៌មានតែប៉ុណ្ណោះ ទៅជាដំណើរការការងារដែលមានលក្ខណៈជាប្រព័ន្ធ ចាប់ពីការស្តាប់ ការយល់ ការសម្រេច ការផ្សព្វផ្សាយ ការទទួលមតិយោបល់ ការឆ្លើយតប ការវាស់វែងលទ្ធផល និងការកែលម្អជាបន្តបន្ទាប់។