ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តសៀមរាប និងខេត្តកំពង់ចាម៖ ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថានមេគង្គ (Mekong Institute) និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
កម្មវិធីនៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងបន្តអនុវត្តនៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីទាំងពីរនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពត និងតាកែវ ដោយមានការសហការណែនាំជំនាញបច្ចេកទេសពីវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីសុខាភិបាល ក្នុងការរកឃើញដំបូង ការពិនិត្យស្រាវជ្រាវ ការបញ្ជូន ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ និងការតាមដានកុមារដែលរកឃើញថាមានជំងឺបេះដូងពីកំណើត។ ប្រធានបទសំខាន់ៗរួមមាន តួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការរកឃើញជំងឺឱ្យបានឆាប់ ការវាយតម្លៃសុខភាពបេះដូងកុមារ ការពិនិត្យតាមរយៈការស្តាប់សំឡេងបេះដូង ការពិនិត្យអេកូបេះដូង និងការធានាគុណភាពនៃការពិនិត្យស្រាវជ្រាវតាមសាលារៀន ក្នុងខេត្តទាំងពីរ។
ការអនុវត្តចុះពិនិត្យស្រាវជ្រាវរកកុមារ នៅខេត្តសៀមរាប និងខេត្តកំពង់ចាមនេះ បានចំនួនប្រមាណជាង ២ម៉ឺននាក់ និងកុមារទទួលការពិនិត្យ Echocardiography បានចំនួនប្រមាណជាង ៧០០នាក់។ ការអនុវត្តកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកិច្ចសហការដ៏ល្អរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ និងមូលដ្ឋានសុខាភិបាល ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា។