Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងពិគ្រោះយោបល់កែសម្រួលគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការបង្កា និងត្រួតពិនិត្យការចម្លងរោគ។

ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការបង្ការ និងត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីលទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងការកែសម្រួលគោលការណ៍ណែនាំជាតិ»។

កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឌាគារហ៊ីម៉ាវ៉ារី និងបានរៀបចំឡើងដោយនាយកដ្ឋានសេវាសុខភាព រួមសហការជាមួយអង្គការ FHI 360 (គម្រោង STRIDES), US CDC និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា។

សិក្ខាសាលាមានគោលបំណងពិនិត្យឡើងវិញនូវចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគក្នុងមូលដ្ឋានព្យាបាល និងថែទាំជម្ងឺ(HAI) នាពេលកន្លងមក ព្រមទាំងប្រែក្លាយបញ្ហាទាំងនោះឱ្យទៅជាដំណោះស្រាយជាក់ស្តែង ដើម្បីធានាបាននូវទិន្នន័យប្រកបដោយគុណភាព ឈានទៅលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) នៅកម្ពុជា។

ដើម្បីធានាបាននូវភាពជោគជ័យ និងនិរន្តរភាពនៃប្រព័ន្ធរាយការណ៍ និងអង្កេតតាមដាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជូននូវអនុសាសន៍គន្លឹះចំនួន ៦ ចំណុច រួមមាន៖
១.ការពង្រឹងការរាយការណ៍ទាន់ពេលវេលា ដោយត្រូវបញ្ជូនទិន្នន័យ HAI ឱ្យបានទៀងទាត់មកកាន់ក្រសួងសុខាភិបាល ដើម្បីជាមូលដ្ឋានក្នុងការធ្វើអន្តរាគមន៍បានទាន់ពេល។
២.ការពង្រឹងការតាមដាន និងវាយតម្លៃជាប្រចាំ ពីបញ្ហាប្រឈម និងសក្តានុពលនៃការអនុវត្តការអង្កេតតាមដាននៅតាមមូលដ្ឋានសេវានីមួយៗជាប្រចាំ។
៣.ការធានាគុណភាពទិន្នន័យ ដោយត្រូវផ្ទៀងផ្ទាត់ការប្រមូល និងកត់ត្រាឱ្យបានម៉ត់ចត់ ដែលទិន្នន័យនេះជាគ្រឹះនៃការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
៤.ការពង្រឹងការអង្កេតផ្ទាល់នៅនឹងកន្លែង តាមការកំណត់កាលវិភាគច្បាស់លាស់ក្នុងការចុះប្រមូលទិន្នន័យផ្ទាល់តាមផ្នែកពាក់ព័ន្ធ ដើម្បីធានាភាពត្រឹមត្រូវតំណាងឱ្យស្ថានភាពជាក់ស្តែង។
៥.ការបង្កើតស្តង់ដាររួមលើប្រភេទ និយមន័យរួម អាទិភាព នីតិវិធីរាយការណ៍ និងការបណ្តុះបណ្តាល មន្ត្រីនៅនឹងកន្លែងផ្ទាល់។
៦.ការរៀបចំប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ (Feedback Mechanism) ពីលទ្ធផលអង្កេត ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជាប្រចាំ (ប្រចាំខែ ឬត្រីមាស) ដើម្បីចាត់វិធានការកែលម្អ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការពង្រឹង IPC និងការតាមដាន HAIs មិនមែនជាភារកិច្ចរបស់ផ្នែកណាមួយឡើយ តែជាការទទួលខុសត្រូវរួមរបស់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់ជំនាញ ដើម្បីធានាបាននូវបរិយាកាសព្យាបាលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានសេវាសុខភាព មន្ទីរពេទ្យ អ្នកជំនាញពីអង្គការដៃគូរនិងមន្ត្រីបង្គោលIPC។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image