ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៦ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា (ក ជ វ ទ ក) បានចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាលើកទី៦ ក្រោមអធិបតីភាពឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធាន ក ជ វ ទ ក (CANC)។
កិច្ចប្រជុំនេះមានគោលបំណងគាំទ្រវិធានការពង្រឹងប្រព័ន្ធវាយតម្លៃទទួលស្គាល់របស់កម្ពុជា និងពង្រីកការប្រើប្រាស់សេវាវាយតម្លៃអនុលោមភាព រួមមានសេវាធ្វើតេស្តវិភាគ អធិការកិច្ច ផ្ទៀងផ្ទាត់ និងវិញ្ញាបនបត្រកម្មដែលមានការវាយតម្លៃទទួលស្គាល់ ជាផ្នែកមួយនៃកិច្ចខិតខំក្នុងការលើកកម្ពស់គុណភាពផលិតផល ទំនុកចិត្តលើប្រព័ន្ធអនុលោមភាព និងការឈានចូលទីផ្សារ។
កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន សមាជិក CANC និងក្រុមការងារលេខាធិការដ្ឋាន ប្រមាណ ៤០នាក់។