Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពភ្នែក គឺជាការវិនិយោគលើសុខភាពប្រជាជន អភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។»

ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និង យុទ្ធសាស្ត្រ WHO's SPECS 2030 នៅកម្ពុជា។
 
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល និងជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (UHC)។ បញ្ហាការចុះខ្សោយគំហើញ និងភាពពិការភ្នែក មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ការអប់រំ ផលិតភាពការងារ ជីវភាពគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសជាតិផងដែរ។
 
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និងយុទ្ធសាស្ត្រ WHO's SPECS 2030 គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលភ្នែករបស់កម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាជននៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព សមធម៌ បរិយាបន្ន និងតម្លៃសមរម្យ
 
គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ នឹងរួមចំណែកពង្រឹង អភិបាលកិច្ច ការដឹកនាំ ការសម្របសម្រួល ការអភិវឌ្ឍធនធានមនុស្ស គុណភាពសេវា ប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងប្រព័ន្ធសុខភាពភ្នែក ដោយផ្តោតលើការធានាឱ្យសេវាសុខភាពភ្នែកមានគុណភាព សមធម៌ បរិយាបន្ន និងមាននិរន្តរភាព។ ជាមួយគ្នានេះ WHO's SPECS 2030 ត្រូវបានដាក់បញ្ចូលជាក្របខណ្ឌយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីគាំទ្រដល់ការពង្រីកការគ្របដណ្តប់សេវាកែតម្រូវកំហុសចក្ខុវិស័យ និងការថែទាំសុខភាពភ្នែក។ SPECS ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៥ រួមមាន សេវាកម្ម (Services) ធនធានមនុស្ស (Personnel) ការអប់រំ (Education) តម្លៃសមរម្យ (Cost) និងការតាមដានត្រួតពិនិត្យ (Surveillance)

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ភ្នែកពិតជាមធ្យោបាយទំនាក់ទំនងដែលមិនអាចខ្វះបាន ក្នុងការស្រង់ស្រូបយកការយល់ដឹង។ ពេលមួយដែលយើងបានជួយកុមារដែលមានបញ្ហាភ្នែកដែលមិនអាចមើលបានល្អ យើងអាចនឹងបានជួយអនាគតកុមារដែលជួនកាលអាចក្លាយជាអនាគតប្រទេសជាតិ។ ភ្នែកមិនមែនគ្រាន់តែជាគំហើញប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងគ្រប់ឥរិយាបទនៃវិញ្ញាណទាំងអស់។»
 
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាធានាថា “គ្មាននរណាម្នាក់ត្រូវបានទុកចោល” ក្នុងការទទួលបានសេវាថែទាំសុខភាពភ្នែក និងដើម្បីកសាងប្រព័ន្ធសុខភាពភ្នែកកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងនិរន្តរភាព។
 
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអូស្ត្រាលី ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មូលនិធិ Fred Hollows អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងសំខាន់ និងបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា។
 
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី​ Amy​ Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Ross Piper នាយកប្រតិបត្តិនៃមូលនិធិ Fred Hollows ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យ គ្រឹះស្ថានបណ្តុះបណ្តាល អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72

រូបភាព Gallery
1 / 1
Gallery image