ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាមួយ លោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ (Minutes of Meeting) ហត្ថលេខីដោយ តំណាងក្រុមហ៊ុន China IPPR International Engineering Co., Ltd ពាក់ព័ន្ធនឹងការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (China-Aid Improvement of Preah Sihanouk Provincial Referral Hospital Project) ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តព្រះសីហនុ ជាមួយក្រុមអ្នកជំនាញចិនដែលដឹកនាំដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd ការរៀបចំគម្រោងបានឈានទៅមុខជាបន្តបន្ទាប់ ដោយបានកំណត់ច្បាស់នូវទំហំ និងមុខងារសេវាសុខាភិបាលរបស់អគារថ្មី។
គម្រោងនេះ នឹងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។ អគារថ្មីនឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោងក៏រួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់សម្រាប់គាំទ្រការផ្តល់សេវាទាំងនេះ ដូចជា CT 256-slice, Digital X-ray ម៉ាស៊ីនលាងឈាម បរិក្ខារវះកាត់ និងសណ្តំ និងបរិក្ខារ ICU ជាដើម។
គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសុខាភិបាល និងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រុមហ៊ុន China IPPR International Engineering Co., Ltd ។