ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៦
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូ មកដល់អាកាសយានដ្ឋាន KLIA ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងសហការីនៃស្ថានទូតកម្ពុជា ដែលបានរៀបចំការស្វាគមន៍យ៉ាងកក់ក្ដៅ ដើម្បីគាំទ្រដល់បេសកកម្មផ្លូវការនេះ។
សូមគូសបញ្ជាក់ដែរថា កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា ដោយផ្តោតលើការពង្រឹងសហប្រតិបត្តិការ អនុម័តសេចក្តីថ្លែងការណ៍រួម និងជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងថ្លែងបទអន្តរាគមន៍អំពីសមិទ្ធផលសុខាភិបាលកម្ពុជា និងផែនការអាទិភាពដើម្បីសម្រេចការគ្របដណ្តប់សុខភាពជាសកល (UHC) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូជាមួយអាស៊ាន៕
ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៉ី នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦