ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៦
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រុមការងារក្រសួងសុខាភិបាល បានរៀបចំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣១ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៩៦៦នាក់។
នៅក្នុងការជួបជុំនេះ ក្រុមការងារបានរំលឺកឡើងវិញពីការណែនាំរបស់ក្រសួងសុខាភិបាល និងការបន្ស៊ីគ្នារវាង ទ្រឹស្តីនៃបទបឋកថា លើការគ្រប់គ្រងភាពមិនប្រកដប្រជា និងការអនុវត្តន៍ជាក់ស្តែងក្នុងការបម្រើសេវាថែទាំ និងព្យាបាល ជូនអ្នកជំងឺនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានបទបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការរៀបចំរូបភាព និងវីដេអូ សម្រាប់ផ្សព្វផ្សាយពីវឌ្ឍនភាពនៃសេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺ នៅអង្គភាពរបស់ខ្លួន ដើម្បីជូនដំណឹងដល់សាធារណៈជនកាន់តែយល់ច្បាស់ និងងាយស្រួលក្នុងការស្វែងរកសេវាសុខាភិបាល ទៅតាមតម្រូវការ។
បន្ទាប់ពីនោះ ក្រុមការងាររបស់ស្រុកប្រតិបត្តស្ទឹងត្រែង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើបង្ហាញ PDIA ក្នុងគោលបំណងស្វែងរកយន្តការទាក់ទាញ ធនធានមនុស្សទៅបម្រើសេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់ខេត្តស្ទឹងត្រែង។