ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺការកសាង «បណ្តាញសន្តិសុខសុខភាពអាស៊ានដែលមានភាពប្រទាក់ក្រឡាគ្នា» ដែលតភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាបត្យកម្មសុខភាពសកល។ អាស៊ានត្រូវផ្លាស់ប្តូរពី «ការយឺតយ៉ាវ ទៅជាការសម្រេចចិត្ត» ពី «ភាពដាច់ដោយឡែក ទៅជាការសម្របសម្រួល» និងពី «ការឆ្លើយតបនៅពេលមានវិបត្តិ ទៅជាការទស្សន៍ទាយ និងត្រៀមលក្ខណៈជាមុន»។
ទីក្រុងគូឡាឡាំពួ៖ នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) នៅប្រទេសម៉ាឡេស៊ី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអមបែបបិទទ្វារ (Closed Side Meeting) ស្តីពីការកសាងភាពធន់ ការត្រៀមលក្ខណៈ និងការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ (PPR)។
កិច្ចប្រជុំនេះ មានគោលបំណង ដោះស្រាយភាពយឺតយ៉ាវ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងបង្កើត (EA) មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកំពុងកើតមាន (ACPHEED) ព្រមទាំងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យបានឆាប់។
ក្នុងមតិអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យអាស៊ានប្រើប្រាស់ដំណាក់កាលនេះរៀនសូត្រពីបទពិសោធន៍ ដើម្បីកសាងប្រព័ន្ធដែលមានចីរភាព ដោយបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៣ ចំណុច៖
- គោលបំណងច្បាស់លាស់៖ ផ្ដោតលើការងារស្នូលអាទិភាព រួមមាន ការតាមដានជំងឺឆ្លង ការព្រមានជាមុន ការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ដោយសារមុខងារ ACPHEED ត្រូវបែងចែកទៅប្រទេសម្ចាស់ផ្ទះទាំង៣ (ឥណ្ឌូនេស៊ី ថៃ និងវៀតណាម)។
- អភិបាលកិច្ចប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៖ បញ្ចូលភាពជាម្ចាស់ផ្នែកនយោបាយជាមួយការណែនាំបច្ចេកទេស/វិទ្យាសាស្ត្រ ដោយគោរពអធិបតេយ្យភាពជាតិ និងជួយពង្រឹង (មិនមែនជំនួស) ប្រព័ន្ធសុខាភិបាលដែលមានស្រាប់របស់ប្រទេសសមាជិក។
- ការប្រើប្រាស់យន្តការអាស៊ានដែលមានស្រាប់៖ តភ្ជាប់ ACPHEED ទៅនឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដោយអនុវត្តគោលការណ៍ «អាស៊ានតែមួយ ឆ្លើយតបតែមួយ» និងវិធីសាស្ត្រ «សុខភាពតែមួយ» (មនុស្ស សត្វ និងបរិស្ថាន)។