ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ផែនការសកម្មភាពជាតិ ស្តីពីការលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលបច្ចេកទេស និងយុទ្ធសាស្ត្រពីគ្រប់ស្ថាប័នអន្តរក្រសួង និងដៃគូពាក់ព័ន្ធទាំងអស់មុននឹងឈានទៅដាក់ឱ្យអនុវត្តជាផ្លូវការ សម្រាប់ការងារលើកកម្ពស់សុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា បញ្ហាជំងឺមិនឆ្លង (NCDs) គឺជាបញ្ហាសុខភាពសាធារណៈដ៏ប្រឈម និងជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមជាតិ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ ឆ្លើយតបទៅនឹងតម្រូវការនេះ ក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងរៀបចំជំនួបពិគ្រោះយោបល់ចំនួន ៣លើក រួចមកហើយ រវាងដៃគូអភិវឌ្ឍន៍ និងអង្គភាពសុខាភិបាលគ្រប់កម្រិត ចាប់ពីថ្នាក់ជាតិ រហូតដល់មណ្ឌលសុខភាព ដើម្បីជាធាតុចូលសម្រាប់ផែនការជាតិប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២៦-២០៣០ ដែលជាចក្ខុវិស័យក្នុងការចង្អុលបង្ហាញផ្លូវ ដើម្បីអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងទទួលបានសមិទ្ធផលខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជាពិសេសជំងឺមិនឆ្លង ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា។
អង្គសិក្ខាសាលានេះរៀបចំឡើងដោយមានការគាំទ្រពីអង្គការ UNICEF និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៧ រួមនឹងមន្ត្រីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល ដែលមានសមាជិកចូលរួមសរុបចំនួន ៥០រូប។