ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Iryo Sosei University ដឹកនាំដោយ Professor Ah-Cheng Goh, Acting President, Iryo Sosei University និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងស្វែងរកលទ្ធភាពសហការគាំទ្រលើវិស័យពាក់ព័ន្ធ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ Iryo Sosei University ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនានា។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាព និងទិសដៅអាទិភាពថ្មីៗ របស់វិស័យសុខាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើ ការបង្ការជំងឺ ការស្វែងរកជំងឺឱ្យបានឆាប់រហ័ស និងការព្យាបាលប្រកបដោយគុណភាព ដើម្បីកាត់បន្ថយបន្ទុកជំងឺ និងអត្រាមរណភាព ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹង ការថែទាំសុខភាពបឋម (Primary Health Care - PHC) និងអនុវត្តគោលការណ៍ «បង្ការមុនពេលឈឺ» ព្រមទាំងពង្រឹងគុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
ក្នុងជំនួបនេះ គណៈប្រតិភូ Iryo Sosei University បានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹង ប្រព័ន្ធសុខាភិបាល (Healthcare Systems) ដែលមានគោលដៅសំខាន់ក្នុងការធានាឱ្យមានតុល្យភាពរវាង តម្រូវការសុខភាព (Need) តម្រូវការប្រើប្រាស់សេវា (Demand) និងការផ្គត់ផ្គង់សេវា (Supply/Service Obtained)។
ប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព មិនមែនផ្តោតតែលើការផ្គត់ផ្គង់សេវាឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សេវាដែលផ្តល់ជូន ឆ្លើយតបនឹងតម្រូវការពិត មានគុណភាព មានសុវត្ថិភាព អាចចូលប្រើបានដោយសមធម៌ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
គណៈប្រតិភូក៏បានលើកឡើងអំពីសារៈសំខាន់នៃ Access and Equity ពោលគឺការធានាលទ្ធភាពទទួលបានសេវាសុខាភិបាលដោយសមធម៌ ជាពិសេសការកាត់បន្ថយគម្លាតក្នុងការទទួលបានសេវារវាងតំបន់ទីក្រុង និងជនបទ ព្រមទាំងការកាត់បន្ថយ ការចំណាយផ្ទាល់ពីហោប៉ៅ (Out-of-Pocket Expenditure) របស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ការអប់រំ និងការអនុវត្តវិជ្ជាជីវៈសុខាភិបាល ត្រូវមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមក ដោយ Healthcare Education – Healthcare Practice – Healthcare System ត្រូវរួមចំណែកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍកម្លាំងពលកម្មសុខាភិបាល ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់សង្គម។ គោលដៅចុងក្រោយ គឺ បម្រើតម្រូវការសុខភាពរបស់សង្គម ដើម្បីលើកកម្ពស់លទ្ធផលសុខភាពរបស់ប្រជាជន។
កិច្ចពិភាក្សាបានយកចិត្តទុកដាក់លើការប្រើប្រាស់ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ក្នុងវិស័យសុខាភិបាល ដែលអាចចូលរួមចំណែកក្នុងការរកឃើញជំងឺបានទាន់ពេល ការគាំទ្រការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ការពង្រីកលទ្ធភាពទទួលបានសេវា ការតាមដានសុខភាព និងការលើកកម្ពស់គុណភាពនៃការថែទាំអ្នកជំងឺ។
ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗក្នុងការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើ ការបង្ការ ការស្វែងរកជំងឺនៅដំណាក់កាលដំបូង ការអប់រំវិជ្ជាជីវៈសុខាភិបាល ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការពង្រឹងគុណភាពសេវាសុខាភិបាល និងការលើកកម្ពស់សមធម៌ក្នុងការទទួលបានសេវា ដើម្បីរួមចំណែកដល់ការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃការភ្ជាប់រវាង Healthcare Education, Healthcare Practice និង Healthcare Systems ដើម្បីធានាថា ការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងការរៀបចំប្រព័ន្ធសុខាភិបាល អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន និងរួមចំណែកដល់ការកែលម្អលទ្ធផលសុខភាពនៅកម្ពុជា។