ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាការផ្ទៀងផ្ទាត់ថវិកា SDG សម្រាប់មណ្ឌលសុខភាព ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាស្វែងយល់ និងកំណត់នូវការសម្របសម្រួលរួមគ្នា ជំរុញការងារប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ឱ្យសម្រេចបានគោលដៅស្របតាមផែនការយុទ្ធសាស្ត្រសុខភាពជាសកល និងជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាលទ្ធផលនៃកិច្ចប្រជុំ គ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួងសុខាភិបាល ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់បានយល់ស្រប និងឯកភាពគ្នាទៅលើចំណុចមួយចំនួន ដែលជាគន្លឹះនៃការធ្វើឱ្យសម្រេចបាននូវគោលដៅដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ភក្ដី សម្បូរណ៍ អគ្គនាយក ទ.ជ.ប. លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកវេជ្ជបណ្ឌិត រស់ ឈុនអៀង អគ្គនាយករង ទ.ជ.ប, ប្រធាននាយកដ្ឋានបញ្ជាក់ចំណាយ និងហិរញ្ញវត្ថុ លោកស្រីប្រធានស្តីទីនាយកដ្ឋានការពាសុខភាព លោកអនុប្រធាននាយកដ្ឋានការពារសុខភាព តំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធទាំងអស់ នៃគម្រោង H-EQIP 2។