ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្ដម ឱសថការី ឈី ហុង រដ្ឋលេខាធិការ និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះពិនិត្យស្វែងយល់បន្ថែមលើការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែកស្រីសន្ធរ មន្ទីរពេទ្យបង្អែកជើងព្រៃ មន្ទីរពេទ្យបង្អែកចំការលើ មន្ទីរពេទ្យបង្អែកស្ទឹងត្រង់ មន្ទីរពេទ្យបង្អែកកោះសូទីន មន្ទីរពេទ្យបង្អែកព្រៃឈរ និងមន្ទីរពេទ្យបង្អែកកងមាស ក្នុងខេត្តកំពង់ចាម។
គោលបំណងនៃការចុះពិនិត្យនេះគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់វឌ្ឍនភាព និងព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមាន។ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក មន្ទីរពេទ្យបង្អែកទាំងអស់ក្នុងមូលដ្ឋានសុខាភិបាលនីមួយៗ ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សា លើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ គុណភាពសេវាមន្ទីរពេទ្យបង្អែក ឱ្យកាន់តែប្រសើរ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ក្រុមការងារក៏បានពាំនាំយកនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
សូមបញ្ជាក់ផងដែរថា នេះគឺជាជុំទី៣ ដែលក្រុមការងារបានចុះពិនិត្យជួយពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកទាំង ៨ ខាងលើ ។