Cambodia
ព័ត៌មានលំអិត

Image
វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ (Zero Fake News Media Forum and Award Contest 2026)។

ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជេីញចូលរួម វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៍មានក្លែងក្លាយឆ្នាំ២០២៦ ក្រោមប្រធានបទ៖ "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលេីកកម្ពស់សុច្ចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡាងឆាង" ដែលបានរៀបចំឡេីងដោយក្រសួងព័ត៌មាន។ វេទិកានេះ មានដៃគូ ពីបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡាងឆាងចូលរួមមានដូចជា កម្ពុជា ចិន ភូមា វៀតណាម ជាដេីម សរុបអ្នកចូលរួម ប្រមាណ ២០០នាក់។

គោលបំណងនៃការរៀបចំវេទិកាសន្ទនា និងកិច្ចសហប្រតិបត្តិការលេីប្រធានបទសំខាន់ខ្លាំង សម្រាប់ប្រទេសទាំងអស់គឺ យេីងត្រូវរួមគ្នាពង្រឹងសុច្ចរិតភាពព័ត៌មាន លេីកកម្ពស់ទំនាក់ទំនង ដោយការទទួលខុសត្រូវ និងពង្រឹងទំនុកចិត្តសាធារណ: នៅក្នុងបរិបទឌីជីថល ដែលមានភាពស្មុគស្មាញកាន់តែខ្លាំង។ អង្គវេទិកានេះ មិនត្រឹមតែពិភាក្សាគ្នាលេីបញ្ហាប្រឈម តែយេីងកំពុងតែទទួលស្គាល់ និងចាត់ទុកអ្នកសារព័ត៌មាន យុវជន និងអ្នកផលិតមាតិកា អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្ទៀងផ្ទាត់ការពិត ជាផ្នែកមួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ព័ត៌មានមិនពិត ឫក្លែងបន្លំ បានរីករាលដាល លឿនហេីយអាចសាយភាយក្នុងរយ:ពេលតែប៉ុន្មនវិនាទីប៉ុណ្ណោះ ប្រសិនបេីយេីងមិនបានឆ្លេីយតបវិញបានរហ័សទេនោះ។ ដូច្នេះ ការផ្ទៀងផ្ទាត់មុនផ្សាយ និងមុនការចែករំលែក គឺជាគោលការណ៍គ្រឹះនៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ព្រមទាំងត្រូវចេះឆ្ងល់ និងចេះចោទសួរនៅពេលឃេីញព័ត៌មាន ដែលសង្ស័យ វាយតម្លៃប្រភពព័ត៌មាន កំណត់អត្តសញ្ញាណមាតិកាកែច្នៃ ដោយមានការទទួលខុសត្រូវ និងសម្រេចចិត្តមុននឹងចេញផ្សាយ ឬចែករំលែ។ ការប្រេីប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) គ្រាន់តែជាការជួយគាំទ្រ មិនមែនមកជំនួសការវិនិឆ្ឆ័យ បែបវិជ្ជាជីវ: និងការទទួលខុសត្រូវរបស់មនុស្សនោះឡេីយ។ ជារួម គោលការណ៍បីចំណុចសំខាន់បំផុតក្នុងបរិបទឆ្លេីយតប ទៅនឹងការរីករាលដាលនៃព័ត៌មានមិនពិត ក្លែងក្លាយ ឬឆ្នៃប្រឌិត គឺ៖ "បង្ការ ផ្ទៀងផ្ទាត់ សហប្រតិបត្តិការ" (Prevent, Verify, Cooperation)។

សុច្ចរិតភាពព័ត៌មាន ផ្សារភ្ជាប់កាន់តែខ្លាំងទៅនឹងទំនុកចិត្តសាធារណ: សុខដុមរមនាសង្គម អភិបាលកិច្ច ភាពធន់ថ្នាក់ជាតិ ទំនុកចិត្តក្នុងតបន់ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។  សុច្ចរិតភាពព័ត៌មាន មិនអាចកសាងឡេីងដោយស្ថាប័នតែមួយ ប្រទេសតែមួយ ឬវិស័យតែមួយនោះឡេីយ វាទាមទារឱ្យមានការទទួលខុសត្រូវរួមគ្នា។ យន្តការកិច្ចសហប្រតិបត្តិការ និងការពិនិត្យលទ្ធភាពបង្កេីត បណ្តាញសុច្ចរិតភាពព័ត៌មានមេគង្គ-ឡាងឆាង (Mekong-Lancang Information Integrity Network) ត្រូវបានលេីកឡេីង និងបន្តការពិភាក្សាគ្នា ក្នុងគោលបំណងភ្ជាប់ស្ថាប័ន អ្នកជំនាញ និងប្រេីយន្តការដែលមានស្រាប់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែលឿន មានភាពជាក់ស្តែង និងមានប្រសិទ្ធិភាពជាងមុន។

គួរកត់សម្គល់ផងដែរថា មុនបិទបញ្ចប់វេទិកាដ៏មានសារសំខាន់ សម្រាប់តំបន់នៅរសៀលថ្ងៃដដែលនេះ មានការបង្ហាញការផលិតមាតិកាប្រឡងប្រណាំងពីបណ្តាប្រទេសដែលបានចូលរួម និងការប្រគល់ពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយ ជូនដល់អ្នកបង្កេីតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image