ការចុះពង្រឹង និងជួយធ្វើឱ្យប្រសើរឡើង នៃការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យជំងឺរបេងជាពិសេសជំងឺរបេងកុមារ
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៤
ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ និងដោយមានការសហការពីលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានចុះបំពេញការងារ នៅមន្ទីរពេទ្យបង្អែកស្រុក គងពិសី មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច និងមន្ទីរពេទ្យបង្អែកស្រុកឧត្តុង្គ នៃខេត្តកំពង់ស្ពឺ។
គោលបំណងនៃការចុះពង្រឹងការងារ គឺដើម្បីធ្វើឱ្យប្រសើរឡើង នៃការធ្វើរោគវិនិច្ឆ័យ ជំងឺរបេងកុមារ ដែលទាក់ទងនឹង៖
- ការធ្វើរោគវិនិច្ឆ័យច្រើនលើសលប់ (Over diagnosis) (ដោយផ្អែកលើទិន្នន័យជំងឺរបេងកុមារធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ និង២ត្រីមាស ដើមឆ្នាំ២០២៤) ដែលនីតិវិធី នៃការកែលម្អ
- ការបង្រៀនជាទ្រឹស្ដីនូវមេរៀនទាក់ទងជំងឺរបេងកុមារ។
- ការបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ
- ការចូលជួយពិនិត្យ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែល ពិបាកធ្វើរោគវិនិច្ឆ័យ
- ការផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាននៃថ្នាំរបេង
- ការផ្តល់នូវវិធីសាស្ត្រ និងលក្ខខណ្ឌនៃការព្យាបាលបង្ការ (TPT) ដល់កុមារអាយុតិចជាង៥ឆ្នាំ ប្រាកដជាមានសុខភាពល្អ និងរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា ផងដែរ។
ជាលទ្ធផលបន្ទាប់ពីការចុះពង្រឹង និងជួយធ្វើឱ្យប្រសើរឡើងនេះបានបង្ហាញឃើញថា កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកាមកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន ៧៤នាក់ ក្នុងនោះមាន៖
-រកឃើញជំងឺរបេងកុមារដែលត្រូវព្យាបាលចំនួន ៤នាក់ ក្នុងនោះមានរបេងសួតគ្លីនិកចំនួន ៣នាក់ និង របេងកូនកណ្តុរចំនួន១នាក់
-ដាក់ឱ្យព្យាបាលបង្ការជំងឺរបេងចំនួន ៤នាក់
-កុមារស្ថិតក្នុងការតាមដានចំនួន ២១នាក់
-កុមារដែលពុំមានរោគសញ្ញាសង្ស័យរបេង ៤៥នាក់
-គ្រូពេទ្យ និងគិលានុបដ្ឋាកដែលពាក់ព័ន្ធយកចិត្តទុកដាក់បានយល់ និងអាចធ្វើរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែមានភាពសុក្រិត្យ។