ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ «ការធ្វើផែនការច្បាស់លាស់ ការកត់ត្រាត្រឹមត្រូវ និងការថែទាំមានសុវត្ថិភាព» ជូនដល់គិលានុបដ្ឋាក-យិកា ឆ្មប និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងមន្ទីរពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ កំពត និងកែប ដែលជាសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាអធិបតីបើកវគ្គដោយ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការទទួលស្វាគមន៍ពី លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍សំខាន់ៗដូចខាងក្រោម
- ការធ្វើផែនការថែទាំអ្នកជំងឺឱ្យមានភាពស៊ីសង្វាក់ និងឆ្លើយតបបានទាន់ពេលនឹងស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ
- ការកត់ត្រាព័ត៌មានឱ្យបានត្រឹមត្រូវ ដែលមិនមែនគ្រាន់តែជាការងារឯកសារធម្មតា ក៏ប៉ុន្តែជាមធ្យោបាយរក្សាទុកព័ត៌មានសំខាន់ សម្រាប់ជួយបុគ្គលិកឱ្យទទួលបានព័ត៌មានច្បាស់លាស់ ក្នុងការផ្តល់ការថែទាំបានត្រឹមត្រូវ
- ការចូលរួមចំណែករបស់បុគ្គលិកគ្រប់រូប និងគ្រប់កម្រិត ក្នុងការធានាសុវត្ថិភាពអ្នកជំងឺ តាមរយៈការយកចិត្តទុកដាក់លើព័ត៌មានលម្អិត ការអនុវត្តតាមនីតិវិធី និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
- ការបន្តរក្សាស្មារតីរៀនសូត្រជាបន្តបន្ទាប់ ព្រោះវិជ្ជាជីវៈសុខាភិបាលតែងតែមានការវិវឌ្ឍ និងមិនគួរបញ្ចប់ត្រឹមថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលនោះទេ
- តួនាទីថ្នាក់ដឹកនាំ ក្នុងការបង្កើតបរិយាកាសការងារ ដែលគាំទ្រដល់ការរៀនសូត្រ ការអនុវត្តតាមស្តង់ដារ និងការកែលម្អគុណភាពជាបន្តបន្ទាប់
- សារៈសំខាន់នៃកិច្ចសហការជាក្រុម ទំនាក់ទំនងល្អ និងការទទួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗ ដើម្បីធានាឱ្យការថែទាំអ្នកជំងឺកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមានការចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កំពត និងខេត្តកែប ចំនួន ១៦០រូប និងតាមប្រព័ន្ធនិម្មិត Zoom ចំនួន ១៥០រូប។